Mark 12

រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​ជួល​ចំការ​

1ព្រះអង្គ​ចាប់ផ្ដើមមានបន្ទូល​ទៅ​ពួកគេជារឿងប្រៀបប្រដូចថា៖ ​«មាន​បុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ​មួយ​ក៏ព័ទ្ធរបងជុំវិញជីកកន្លែង​បញ្ជាន់​ផ្លែសង់ប៉មមួយរួចប្រវាស់​ឲ្យ​ពួក​អ្នកចម្ការហើយក៏ចេញ​ដំណើរ​ទៅ 2លុះដល់​រដូវប្រមូលផល​គាត់​ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅ​ពួក​អ្នកចម្ការដើម្បីទទួលយកផលពីចម្ការទំពាំងបាយជូរពីពួកគេ 3ប៉ុន្ដែពួកគេ​បាន​ចាប់បាវបម្រើ​នោះ​វាយហើយបណ្ដេញ​ឲ្យ​ទៅវិញ​ទាំង​ដៃទទេ 4ហើយគាត់​ក៏ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅពួកគេម្ដងទៀត​តែ​ពួកគេ​បាន​វាយក្បាលបាវនោះទាំងប្រមាថទៀតផង 5គាត់ចាត់​ម្នាក់​ទៀតឲ្យទៅ​ប៉ុន្ដែ​ពួកគេ​បាន​សម្លាប់អ្នកនោះហើយ​បាវបម្រើ​ផ្សេងទៀតជាច្រើនខ្លះ​ត្រូវគេ​វាយដំនិងខ្លះទៀត​ត្រូវគេ​សម្លាប់ 6គាត់នៅមានកូនប្រុស​ជា​ទីស្រលាញ់ម្នាក់ទៀត​នៅ​ទីបំផុត​គាត់​ក៏​ចាត់កូននោះឲ្យទៅពួកគេ​ដោយ​និយាយថា​ពួកគេ​នឹង​គោរពកូនប្រុស​របស់​ខ្ញុំ 7ប៉ុន្ដែអ្នកចម្ការទាំងនោះ​បាន​និយាយគ្នាថា​ម្នាក់​នេះជាអ្នកស្នងមរតក​ចូរ​យើង​សម្លាប់វាចោលទៅនោះមរតក​ទាំងអស់​នឹង​ត្រលប់ជា​របស់​យើង​ហើយ 8រួចពួកគេ​ក៏ចាប់គាត់សម្លាប់ហើយបោះទៅក្រៅចម្ការទំពាំងបាយជូរ 9ដូច្នេះតើ​ម្ចាស់ចម្ការទំពាំងបាយជូរ​នឹង​ធ្វើយ៉ាងដូចម្ដេច? ​គាត់​នឹង​មកសម្លាប់​ពួក​អ្នកចម្ការហើយប្រគល់ចម្ការនោះឲ្យ​ទៅ​អ្នកផ្សេងទៀត 10តើអ្នករាល់គ្នា​មិនដែលអានបទគម្ពីរទេឬអី​ថា​ថ្មដែលជាងសំណង់បោះបង់ចោល​បាន​ត្រលប់ជាថ្មដ៏សំខាន់​នៅតាម​ជ្រុង 11ការនេះកើតឡើងពីព្រះអម្ចាស់ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង»។ 12ពួកគេរកចាប់ព្រះអង្គព្រោះ​ពួកគេ​ដឹងថា​ព្រះអង្គ​មានបន្ទូល​ជា​រឿងប្រៀបប្រដូចនោះ​គឺ​សំដៅ​លើ​ពួកគេប៉ុន្ដែ​ពួកគេ​ខ្លាចបណ្ដាជនហើយក៏ចេញ​ពី​ព្រះអង្គទៅ

ការ​បង់​ពន្ធ​អោយព្រះ​ចៅ​សេសារ​

13រួច​ពួកគេ​ចាត់​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​អ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅព្រះអង្គដើម្បីចាប់កំហុស​ពេល​ព្រះអង្គមានបន្ទូល 14ពេលមកដល់​ពួកគេ​សួរព្រះអង្គថា៖ ​«លោក​គ្រូយើងដឹងថា​លោក​ពិតត្រង់លោកមិនខ្វល់ពីអ្នកណាទេព្រោះ​លោក​មិនយោគយល់មុខមនុស្សឡើយផ្ទុយទៅវិញ​លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ​ដូច្នេះ​តើ​ការ​បង់ពន្ធ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​តឹ្រមត្រូវតាមវិន័យដែរឬទេ? ​តើ​យើង​គួរ​បង់ឬក៏មិន​គួរ​បង់ 15ព្រះអង្គជ្រាប​ពី​ពុតត្បុតពួកគេក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នា​ល្បងលខ្ញុំដូច្នេះ? ​ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ» 16គេក៏យក​កាក់មួយ​ឲ្យទៅ​ព្រះអង្គ​រួច​ព្រះអង្គ​សួរពួកគេថា៖ ​«តើរូបនិងចំណារ​លើកាក់​នេះ​ជា​របស់​នរណា?» ​ពួកគេទូលព្រះអង្គថា៖ ​«ជា​របស់​ព្រះចៅ​អធិរាជ» 17ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ឲ្យអ្វីៗដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជហើយ​ថ្វាយ​អ្វីៗដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់ចុះ» ​ពួកគេ​ក៏នឹកអស្ចារ្យនឹងព្រះអង្គ

អា​ពា​ហ៍​ពិ​ពា​ហ៍​នៅពេល​រស់​ឡើង​វិញ

18​ពួក​អ្នកខាងគណៈសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ​បាន​មកព្រះអង្គហើយសួរព្រះអង្គថា 19«លោក​គ្រូ​លោក​ម៉ូសេ​បាន​សរសេរទុក​សម្រាប់​យើងថាប្រសិនបើបងប្រុស​របស់​អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធដោយមិនទាន់មានកូនប្អូនប្រុសអ្នក​ស្លាប់​នោះ​ត្រូវ​យកប្រពន្ធ​របស់​បង​ហើយបង្កើតកូន​ឲ្យ​បងប្រុស​របស់​គាត់ 20មានបងប្អូនប្រុសប្រាំពីរនាក់​បងប្រុស​ច្បង​បាន​យកប្រពន្ធហើយក៏ស្លាប់ទៅ​ដោយ​មិនទាន់មានកូន 21ប្អូនប្រុសទីពីរ​បាន​យកនាងរួចក៏ស្លាប់​ទៀត​ដោយ​មិន​ទាន់​មានកូន​ប្អូនប្រុស​ទីបី​ក៏​ដូច​គ្នា​ដែរ 22បងប្អូនប្រុស​ទាំង​ប្រាំពីរនាក់មិន​បាន​មានកូនទេទីបំផុតស្ដ្រីនោះក៏ស្លាប់ដែរ 23ចុះពេល​ពួកគេ​រស់ឡើងវិញ​តើ​នាង​ជាប្រពន្ធ​របស់​អ្នកណា​ក្នុងចំណោម​ពួកគេ? ​ព្រោះបងប្អូនប្រុស​ទាំង​ប្រាំពីរនាក់​បាន​យកនាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់គ្នា 24ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«អ្នករាល់គ្នា​មិនយល់បទគម្ពីរនិងអំណាច​របស់​ព្រះជាម្ចាស់ទេ​តើ​នេះមិន​មែន​ជា​ហេតុផល​ដែល​អ្នករាល់គ្នា​យល់ច្រឡំទេ? 25ព្រោះពេល​មនុស្ស​ស្លាប់រស់ឡើងវិញ​គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយប៉ុន្ដែ​ពួកគេ​ដូចជាពួកទេវតានៅស្ថានសួគ៌វិញ 26តើអ្នករាល់គ្នា​មិន​បាន​អានអំពី​មនុស្ស​ស្លាប់រស់ឡើងវិញនៅក្នុងគម្ពីរ​លោក​ម៉ូសេទេ​ឬ​អី​គឺ​នៅត្រង់គុម្ពបន្លា​ដែល​ព្រះជាម្ចាស់មានបន្ទូល​ទៅ​លោកថាយើងជាព្រះ​របស់​អ័ប្រាហាំជាព្រះ​របស់​អ៊ីសាកនិងជាព្រះ​របស់​យ៉ាកុប? 27ព្រះអង្គមិន​មែន​ជាព្រះ​របស់​មនុស្ស​ស្លាប់ទេប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់​អ្នករាល់គ្នា​យល់ច្រឡំធំណាស់»។

បញ្ញតិ្ត​ធំជាងគេ​បំផុត​

28គ្រូវិន័យម្នាក់​បាន​ចូលមកជិតនិងពួកគេជជែកគ្នា​ហើយ​ដឹងថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ក៏​សួរព្រះអង្គថា៖ ​«តើ​នៅក្នុង​ចំណោម​បញ្ញត្ដិ​ទាំងអស់បញ្ញត្ដិទីមួយគឺអ្វី 29ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយថា៖ ​«បញ្ញត្ដិ​ទីមួយគឺ​ចូរ​ស្ដាប់ចុះអ៊ីស្រាអែលអើយព្រះអម្ចាស់ជាព្រះ​របស់​យើងជាព្រះអម្ចាស់តែមួយគត់ 30អ្នកត្រូវ​ស្រលាញ់ព្រះអម្ចាស់ជាព្រះ​របស់​អ្នក​ឲ្យ​អស់ពីចិត្ដអស់ពីគំនិតអស់ពីព្រលឹងនិងអស់ពីកម្លាំងអ្នក 31រីឯបញ្ញត្ដិ​ទីពីរគឺ​អ្នក​ត្រូវ​ស្រលាញ់អ្នកជិតខាង​របស់​អ្នក​ឲ្យ​ដូចជាខ្លួនអ្នកគ្មានបញ្ញត្ដិ​ណា​ធំជាង​បញ្ញត្ដិ​ទាំង​ពីរ​នេះ​ទៀត​ទេ» 32គ្រូវិន័យនោះទូលព្រះអង្គថា៖ ​«លោកគ្រូជាការពិត​និង​ត្រឹមត្រូវណាស់​ដែល​លោក​និយាយថា​ព្រះជាម្ចាស់​មានតែមួយអង្គគត់ហើយគ្មាន​ព្រះ​ឯណាទៀតក្រៅពីព្រះអង្គឡើយ 33ហើយឲ្យ​ស្រលាញ់ព្រះអង្គអស់ពីចិត្ដអស់ពីប្រាជ្ញា​អស់​ពី​ព្រលឹង​និងអស់ពីកម្លាំងនិង​ឲ្យ​ស្រលាញ់អ្នកជិតខាង​ឲ្យ​ដូចជាខ្លួនឯង​នោះ​ប្រសើរជាងតង្វាយដុតនិងយញ្ញបូជាទាំងអស់ទៅទៀត»។ 34កាលព្រះ​យេស៊ូឃើញគាត់ឆ្លើយយ៉ាងឈ្លាសវៃដូច្នេះ​ព្រះអង្គ​ក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នក​នៅមិនឆ្ងាយពីនគរព្រះជាម្ចាស់ទេ» ​រួចគ្មាននរណាហ៊ានសួរសំណួរព្រះអង្គទៀតទេ

តើ​ព្រះ​គ្រិស្ដ​ជា​បុត្រ​របស់​អ្នក​ណា​?

35ព្រះ​យេស៊ូមានបន្ទូល​នៅពេល​បង្រៀននៅក្នុង​ព្រះ​វិហារថា៖ ​«តើ​ហេតុ​ដូចម្ដេច​បានជា​ពួក​គ្រូវិន័យនិយាយថា​ព្រះ​គ្រិស្ដជាពូជពង្សដាវីឌដូច្នេះ? 36ព្រោះដាវីឌផ្ទាល់​បាន​និយាយដោយ​ព្រះ​វិញ្ញាណបរិសុទ្ធថាព្រះអម្ចាស់​បាន​មានបន្ទូល​មកកាន់​ព្រះអម្ចាស់​របស់​ខ្ញុំថា​ចូរ​អង្គុយនៅខាងស្ដាំយើងរហូតដល់​យើង​ដាក់ខ្មាំងសត្រូវ​របស់​អ្នក​នៅ​ក្រោមជើង​របស់​អ្នក 37ដូច្នេះបើ​ដាវីឌហៅព្រះអង្គថា​ជា​ព្រះអម្ចាស់នោះ​ព្រះអង្គ​ជាពូជពង្សដាវីឌយ៉ាងដូចម្ដេច?» ​មនុស្សច្រើនកុះករ​បាន​ស្ដាប់ព្រះអង្គ​ដោយ​សប្បាយរីករាយ 38ហើយក្នុងសេចក្ដីបង្រៀននោះ​ព្រះអង្គ​មានបន្ទូលថា៖ ​«ចូរ​ប្រយ័ត្ននឹង​ពួក​គ្រូវិន័យដែលចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង​ឲ្យ​គេ​គោរពនៅតាមទីប្រជុំជន 39ហើយចូលចិត្ដ​អង្គុយ​មុខគេក្នុងសាលាប្រជុំព្រមទាំង​នៅ​កន្លែង​កិត្ដិយសក្នុងពិធីជប់លៀង 40ពួកគេបំផ្លាញទ្រព្យសម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយហើយធ្វើពុតអធិស្ឋានយ៉ាងយូរ។ ​អ្នក​ទាំងនោះ​នឹង​ទទួលទោសធ្ងន់ធ្ងរជាងគេ»។

តង្វាយ​របស់​ស្ត្រី​មេម៉ាយ​

41ពេលព្រះយេស៊ូអង្គុយ​នៅ​ទល់មុខហិបតង្វាយនិងមើលរបៀប​ដែល​បណ្ដាជនដាក់កាក់ទៅក្នុងហិបតង្វាយហើយ​មាន​អ្នកមានជាច្រើន​បាន​ដាក់​កាក់​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​នោះ 42ហើយមាន​ស្ដ្រី​មេម៉ាយក្រីក្រម្នាក់មកដល់​គាត់​បាន​ដាក់​កាក់​តែ​ពីរឡិបតាដែលស្មើនឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ 43ព្រះយេស៊ូ​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គមកនិងមានបន្ទូល​ទៅ​គេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នាជាប្រាកដថា​ស្ដ្រី​មេម៉ាយក្រីក្រ​ម្នាក់​នេះ​បាន​ដាក់​តង្វាយ​ច្រើនជាង​អ្នក​ទាំងអស់​ដែល​បាន​ដាក់​តង្វាយ​ក្នុងហិបតង្វាយនេះទៅទៀត 44ព្រោះមនុស្ស​គ្រប់គ្នាដាក់​តង្វាយ​ពីសំណល់​របស់​ពួកគេប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ទោះបើ​នាង​ក្រីក្រ​យ៉ាងណា​នាង​បានថ្វាយ​អ្វីៗទាំងអស់​ដែល​នាង​មាន​ផង»។
Copyright information for KhmKCB